នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភា បច្ចេក វិទ្យាឌីជីថលកម្ពុជា (CADT) និងមានការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ACSEP បានបន្តរៀបចំវគ្គបណ្តុះបណ្តាល ជាលើក ទី២ ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនដល់មន្រ្តីរាជការចាប់ពីថ្នាក់ អនុប្រធាន នាយកដ្ឋាន រហូតដល់អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រោមឱវាទ ក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វគ្គបណ្តុះបណ្តាល រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព និងលើក កម្ពស់ចំណេះដឹងរបស់មន្ត្រីរាជការលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការ ចាប់យកនិងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ក្នុងការបំពេញការងារប្រចាំថ្ងៃ ជួយសម្រួលដល់ការស្វែងរកព័ត៌មាន ការប្រមូល និងវិភាគទិន្នន័យ ការសង្ខេប ឯកសារ ការរៀបចំរបាយការណ៍ ដើម្បីជាមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចចិត្ត ប្រកបដោយភាពត្រឹមត្រូវនិងឆាប់រហ័ស។
តាមរយៈការបណ្តុះបណ្តាលនេះ មន្ត្រីរាជការមានឱកាសបង្កើនចំណេះដឹង និង សមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលឱ្យបានសមស្រប និងមាន ប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពការងារ បង្កើនភាពរហ័សរហួន និងពង្រឹងភាពត្រឹមត្រូវក្នុងការអនុវត្តភារកិច្ចក្នុងបរិការណ៍នៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន។
សូមបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់ ខ្ពស់ របស់ក្រសួងក្នុងការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល និងជំរុញការ ធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងការ អនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ។ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ផ្នែកឌីជីថល នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ស្ថាប័ន និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែទំនើប និងឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យឌីជីថល៕