នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ» រៀបចំឡើងដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅរាជធានីភ្នំពេញ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CDRI ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតំណាងសហគមន៍។
វេទិកានេះមានគោលបំណងសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងផែនការថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាថាការរៀបចំផែនការ ការកំណត់អាទិភាព និងការវិនិយោគលើវិស័យធនធានទឹក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ជាមួយគ្នានេះ ក៏ផ្តោតលើការពង្រឹងកិច្ចសម្របសម្រួល និងគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងការលើកកម្ពស់សមត្ថភាពបច្ចេកទេស ធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន និងទិន្នន័យ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក។
នាឱកាសនោះ ឯកឧត្តម ហ៊ាន វណ្ណហន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងអ្នកចូល រួមទាំងអស់ ជាពិសេសតំណាងប្រជាកសិករ និងសហគមន៍ ដែលបានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមជាក់ស្តែងនៅមូលដ្ឋាន។ ឯកឧត្តមបានគូសបញ្ជាក់ថា អាទិភាពចម្បងរបស់ក្រសួងកសិកម្ម គឺការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានទឹកក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង តាមរយៈការជំរុញផលិតកម្មកសិកម្ម និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ជាមួយគ្នានេះ ក្រសួងកសិកម្មបានបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដោយផ្តោតលើការប្តេជ្ញាចិត្ត ការសម្របសម្រួល និងការទទួលខុសត្រូវរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចសហការនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា ធានាការប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព និងសមធម៌ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង៕