នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ស្ថិតក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡើង ដើម្បីជាការចងចាំនិងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការការងារក្នុងវិស័យកសិកម្ម និងសូមជូនពរឱ្យទទួលបានសេចក្តីសុខ សុភមង្គល សន្តិភាព និងសន្តិសុខ ដល់ស្រ្តីនិងគ្រួសារគ្រប់រូបក្នុងប្រទេសកម្ពុជា៕