នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ជួបជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកៅស៊ូរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ភាគីនៃប្រទេសទាំង២ បានពិភាក្សាលើការពង្រឹងកិច្ចសហការបច្ចេកទេសរវាងអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា និងអគ្គលេខាធិការនៃក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី ធ្វើដំណើរមកចូលរួមកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅរាជធានីភ្នំពេញ និងចែករំលែកព័ត៌មាននៃព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះបន្តទៀតទៅកាន់បណ្តាធុរកិច្ចជនម៉ាឡេស៊ីឱ្យបានជ្រាបផងដែរ៕