នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងទិន្នន័យពាក់ព័ន្ធ នៃការអនុវត្តន៍គោលនយោបាយជាតិ ស្តីពី ដំឡូងមី ឆ្នាំ២០២០-២០២៥ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម ឈុំ ឆុនលី ឯកឧត្តម សុខ វិសាល ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួង ដើម្បីពិនិត្យ និងពិភាក្សាស៊ីជម្រៅលើសកម្មភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយដែលសម្រេចបានដោយក្រសួងកសិកម្ម ក្នុងរយៈពេលពេញមួយអាណត្តិនៃគោលនយោបាយនេះ។
កិច្ចប្រជុំបានផ្តោតលើគោលដៅសំខាន់ៗទាំងបី នៃគោលនយោបាយដែលមានការពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរួមមានសូចនាករសរុបចំនួន ១៩។ គោលដៅទាំងនោះត្រូវបានពិភាក្សាដូចតទៅ ទី១. ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្មនិងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលក្នុងបរិបទដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ មានចំនួន ១៣ សូចនាករ ទី២.គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីដែលមានសក្តានុពលនិងទាក់ទាញវិនិយោគដើម្បីកែច្នៃផលិតផលពីដំឡូងមីដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារនានា មានចំនួន ២ សូចនាករ និងទី៣. លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងផ្សារភ្ជាប់នឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ មានចំនួន ៤ សូចនាករ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាលទ្ធផល អង្គប្រជុំបានសម្រេចលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងទិន្នន័យពាក់ព័ន្ធចំនួន ១៨ សូចនាករ ក្នុងចំណោមសូចនាករសរុប ១៩។ ចំណែកសូចនាករទី ១៦ ដែលស្ថិតក្នុងគោលដៅទី ២ (ការបង្កើតរោងចក្រកែច្នៃ) ត្រូវបានដកចេញពីការពិនិត្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារ ជាការងារដែលមិនស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួង។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ទិន្នផលដំឡូងមីឆ្នាំនេះមានការកើនឡើង តាមរយៈការជ្រើសរើសពូជសុទ្ធល្អ និងធន់នឹងជំងឺ ការផ្តល់បច្ចេកទេសដាំដុះ និងការកែលម្អគុណភាពដី៕