នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ នៅទីរួមខេត្តកំពង់ធំ ដែលមានមន្ត្រីកសិកម្មឃុំចូលរួមសរុបចំនួន ៥៨ នាក់ (ស្ត្រី ២២ នាក់)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសដាំដុះ ថែទាំ ការព្យាបាលជំងឺ និងការប្រមូលផលជ័រឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីចែករំលែកព័ត៌មានដែលទទួលបាន សម្រាប់ធ្វើការផ្សព្វផ្សាយដល់កសិករកៅស៊ូគ្រួសារនៅតាមតំបន់គោលដៅ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដំណាំកៅស៊ូមានសារៈសំខាន់ ហើយតួនាទីសំខាន់របស់មន្ត្រីកសិកម្មឃុំក៏មានសារៈសំខាន់ ដែលត្រូវនៅជាប់នឹងកសិករផ្ទាល់ ដើម្បីផ្ដល់ការប្រឹក្សាបច្ចេកទេសដំណាំកៅស៊ូដល់កសិករ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងសាកសួររាល់ចម្ងល់ទាំងឡាយឱ្យបានច្បាស់លាស់ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់កសិករគ្រួសារឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្រង់ស្ថិតិទិន្នន័យដំណាំកសិកម្មរបស់ឃុំរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង៕