នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំប្រជុំពិភាក្សាស្តីពីការចុះបញ្ជីដីធ្លី ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ទេព ធន ប្រធានអង្គប្រជុំ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីជំរុញការងារនេះឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ឈានទៅចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង នាពេលខាងមុខ។
ឯកឧត្តម គង់ ច័ន្ទវាសនា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការគាំទ្រចំពោះកិច្ចការដ៏សំខាន់នេះ និងបញ្ជាក់ពីកាត្រៀមលក្ខណៈចូលរួមសហការអនុវត្ត។ ទន្ទឹមនេះ ឯកឧត្តមបានស្នើសុំឱ្យរដ្ឋបាលខេត្តជំរុញការចុះបញ្ជីដីរដ្ឋ ដូចជាដីទីតាំងប្រារព្ធព្រះរាជពិធីរុក្ខទិវា, ដីសហគមន៍ព្រៃឈើ, ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ និងដីផ្សេងទៀតស្ថិតក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួង។
អង្គប្រជុំបានគាំទ្រសំណើនេះ និងបានណែនាំឱ្យអង្គភាពជំនាញរៀបចំឯកសារ ដើម្បីជំរុញការងារចុះបញ្ជីដីរដ្ឋ តាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕