នៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី។
ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានប្រជុំពិនិត្យស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងតំបន់វិសាលភាព ប្រព័ន្ធស្រោចស្រពស្រែហ៊ុយ ដែលជាគោលដៅអនុវត្ដគម្រោង CWSIP នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដមណ្ឌលគិរី ដោយមានការចូលរួមពីមន្រ្ដីអនុវត្ដគម្រោង ថ្នាក់ជាតិ ថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម មន្រ្ដីកសិកម្មឃុំស្រែហ៊ុយ និងឃុំស្រែសង្គម ស្រុកកោះញែក។ កិច្ចប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍ពីក្រុមហ៊ុន MWS គាំទ្រដោយស្ថានទូតអូស្រ្តាលី ដោយបានសិក្សាលើតំបន់គោលដៅអនុវត្ដគម្រោងនៅក្នុងខេត្ដនាពេលលន្លងមក ដើម្បីឱ្យមានភាពត្រឹមត្រូវ តាមទិសដៅគម្រោង ពិសេសលៃលក បង្កើនផលិតភាពផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ទឹក និងនិរន្តរភាពទីផ្សារកសិផល។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះជួបពិភាក្សាជាមួយរដ្ឋបាលស្រុកកោះញែក រដ្ឋបាលឃុំដែលពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម ក្រុមផលិត កសិករឆ្នើម សហគមន៍ប្រើប្រាស់ទឹក អ្នកប្រមូលទិញកសិផល ដែលស្ថិតក្នុងតំបន់វិសាលភាពគម្រោង។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅសាលាឃុំស្រែហ៊ុយ ដោយផ្ដោតលើទិន្នន័យចាំបាច់ លើការវាយតម្លៃសក្តានុពលដំណាំ ស្ថានភាពសហគមន៍កសិកម្ម និងសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានភាពផលិតកម្មបច្ចុប្បន្ន ស្ថានភាពទីផ្សារ ដើម្បីចាត់ចែងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ក៏ដូចជាប្រៀបធៀបពេលមុនគម្រោងចាប់ផ្តើម និងក្រោយអនុវត្តគម្រោង។ កិច្ចពិភាក្សានេះ បានពិនិត្យលើបញ្ហាសំខាន់ៗពាក់ព័ន្ធ ដែលទាមទារកិច្ចសហការរឹងមាំ និងការចូលរួមជាចាំបាច់ ពីរដ្ឋបាលមូលដ្ឋាន សហគមន៍កសិកម្ម មន្រ្ដីបច្ចេកទេសអនុវត្តគម្រោងថ្នាក់ជាតិ-ខេត្ដ អ្នកប្រមូលចែកចាយកសិផល និងផ្គត់ផ្គង់ធាតុចូល។
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យទំនប់សំណង់អូច្បារ និងពិនិត្យស្ថានភាពផលិតកម្មកសិកម្ម ព្រមទាំងពិនិត្យទីតាំងសាងសង់ផ្ទះសំណាញ់ និងមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល ក្នុងតំបន់វិសាលភាពគម្រោង ដែលស្ថិតក្នុងឃុំស្រែហ៊ុយ និងឃុំស្រែសង្គម ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ផងដែរ៕