នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពអនុវត្តគម្រោងបានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំផែនការសម្រាប់ការចូលរួមក្នុង សិក្ខាសាលាបូកសរុបលទ្ធផល និងការឆ្លុះបញ្ចាំង (Reflection Workshop) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅខេត្តកែប។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក យិន ច័ន្ទសុធី ប្រធានគ្រប់គ្រងគម្រោង ប្រធានផ្នែកនីមួយៗរួមមាន ផ្នែកហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម ផ្នែកបច្ចេកទេស ផ្នែកតាមដាននិងវាយតម្លៃ ផ្នែកយេនឌ័រ ផ្នែកគាំពារបរិស្ថាន ព្រមទាំងទីប្រឹក្សាជំនាញ មន្ត្រីពាក់ព័ន្ធ និងដោយមានការចូលរួម ពីចម្ងាយ (Zoom) ពីមន្ត្រីអនុវត្តគម្រោង ខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ និងព្រះវិហារ។
កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់លើការ រៀបចំបទបង្ហាញ និងការត្រៀមលក្ខណៈបច្ចេកទេសផ្សេងៗ សម្រាប់កិច្ចប្រជុំ Reflection Workshop នៅខេត្តកែប។ ជាពិសេស ដើម្បីត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការដកស្រង់បទពិសោធន៍ដែលបានអនុវត្តកន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ៕