នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អមដំណើរដោយលោក ធិននី វិធូរ អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់នានារបស់សប្បុរសជន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះពីការវាយប្រហាររបស់យោធាថៃ និងបានជម្លៀសមកទីទួលសុវត្ថិភាពនៅ វត្តសុវណ្ណបុទុម ស្រុកវ៉ារិន ខេត្តសៀមរាប។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនឱ្យបរទេសណាឈ្លានពានកម្ពុជាបានឡើយ។ បើតាមឯកឧត្តម គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលបានភៀសសឹកមកកាន់កន្លែងសុវត្ថិភាពនេះ សរុបប្រមាណ ៧៣៣នាក់ ស្មើនឹង ២៤៧គ្រួសារ៕