នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធាន បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
កិច្ចប្រជុំធ្វើឡើងនៅអគ្គនាយកដ្ឋានជលផល មានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ អគ្គនាយកដ្ឋានជលផល ក្រសួងបរិស្ថាន សហគ្រិនខ្មែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងអភិបាលរងនៃខេត្តតំបន់ឆ្នេរទាំង៤ ក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាបច្ចេកទេស។
ជាលទ្ធផល គណៈកម្មការនៃកិច្ចប្រជុំទាំងអស់បានពិនិត្យឃើញថា ក្រុមការងារបានពន្លឿនការងារអនុវត្តន៍គម្រោងក្នុងឆ្នាំ២០២៦នេះ លើការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ដែលបានបង្កើនផលស្តុកមច្ឆជាតិ និងវត្តមាននៃប្រភេទវារីសត្វកម្រដូចជា៖ ផ្សោត និងជ្រូកទឹក ការធ្វើវារីវប្បកម្មក្នុងសមុទ្រដោយមិនប្រើចំណី។ ការលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងសកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍នេសាទ ការសាងសង់អគារការិយាល័យខណ្ឌរដ្ឋបាលជលផល ការរៀបចំអភិវឌ្ឍផែនេសាទ និងការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលជលផលសមុទ្រ ព្រមទាំងការពង្រឹងតួនាទីស្រ្តីក្នុងសហគ្រិនភាព និងយេនឌ័រផងដែរ។
នាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តគម្រោង ជំរុញលើការដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិតសំដៅកាត់បន្ថយចំនួនបទល្មើសនេសាទអួនអូសទឹករាក់ប្រកបដោយប្រសិទ្ធភាព បន្តគាំទ្រប្រព័ន្ធតាមដាននាវានេសាទ (VMS)។ ពន្លឿនសកម្មភាពវារីវប្បកម្ម ដោយមិនប្រើចំណីដើម្បីសម្រេចឱ្យបានតាមសូចនាករ ៣ ២៥០ហិកតាក្នុងតំបន់គោលដៅ ពន្លឿនកំណត់ព្រំព្រៃកោងកាងជាក់ស្តែង និងណែនាំឱ្យមានការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍផែនេសាទ ដើម្បីសម្រេចឱ្យបានតាមគោលបំណង និងសូចនាកររបស់គម្រោងក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពសហគមន៍នេសាទ ពិសេសផលជះដល់ ២០ ០០០គ្រួសារក្នុងតំបន់ឆ្នេរ៕