នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ ទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍កសិកម្ម និងឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជាប្រធានផ្នែកកសិកម្មគម្រោង LASED III បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ដើម្បីស្វែងយល់ពីបរិបទបច្ចុប្បន្នរបស់គម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP ដែលបានរៀបចំធ្វើនៅខេត្តកំពត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អង្គទូត ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍។
គម្រោង LASED III បានគាំទ្រសហគមន៍នេសាទចំនួន១២ នៅក្នុងខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ថវិកាសរុប ១៣,១ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍមុខរបរកសិកម្ម និងជលផល។ បន្ថែមពីលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គម្រោងក៏ផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម និងជលផល ដូចជា ការចិញ្ចឹមត្រី ងាវឈាម ក្តាមថ្ម មាន់ និងការដាំបន្លែក្នុងផ្ទះសំណាញ់ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ឆ្នេរ អភិវឌ្ឍអេកូទេសចរណ៍ ពង្រឹងវិស័យនេសាទ កសិកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕