នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ជប៉ុនលើកទី២ (2nd AJMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការឯកភាពលើការកែសម្រួលផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន(MIDORI) ដែលជាគោលការណ៍អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ស្របតាមចំណុចយុទ្ធសាស្ត្រទាំងប្រាំមួយ នៃផែនការវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើអាស៊ានឆ្នាំ២០២៦-២០៣០។
បេីតាម ឯកឧត្តមរដ្ឋមន្រ្តី ផែនការកិច្ចសហប្រតិបត្តិការ(MIDORI) នេះជាក្របខណ្ឌយុទ្ធសាស្ត្រ និងទិសដៅសម្រាប់ពង្រឹងភាពជាដៃគូអាស៊ាន-ជប៉ុន ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន ភាពធន់នឹងអាកាសធាតុ ធានាការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងកន្លងមក និងសូមស្វាគមន៍ចំពោះគម្រោងជាច្រើនទៀតនៅក្នុងផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន(MIDORI) ដែលបានកែសម្រួល ហើយនឹងត្រៀមចូលរួមអនុវត្តគម្រោងផងដែរ៕