នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការអភិរក្សអន្តរជាតិ (CI), អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីចុះហត្ថលេខានេះ មានការចូលរួមពីអគ្គលេខាធិការរង, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានកិច្ចការរដ្ឋបាល, នាយកដ្ឋានផែនការ និងស្ថិតិ, នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ, មជ្ឈមណ្ឌលឯកសារ និងព័ត៌មានកសិកម្ម, ក្រុមការងារដឹកនាំនិងគ្រប់គ្រងសាយតេស (CITES) ព្រមទាំងតំណាងអង្គការ CI, WEA និង WCS។
ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានជលផល ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព ទាំងក្នុងតំបន់សមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងដីគោក។ ធនធានទាំងនេះគឺជាបេះដូងនៃសន្តិសុខស្បៀង និងកេរ្តិ៍ដំណែលវប្បធម៌ធម្មជាតិរបស់កម្ពុជា ដែលទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់។
ទន្ទឹមនឹងនេះធនធានជលផលសមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ដីគោក កំពុងប្រឈមមុខនឹងភាពងាយរងគ្រោះកាន់តែខ្លាំងឡើងៗ ពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ និងដកហូតធនធានទាំងនេះ មិនប្រកបដោយនិរន្តរភាព និងការធ្លាក់ចុះនៃគុណភាពបរិស្ថាន ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និងជីវចម្រុះ។ ទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការគ្រប់គ្រងធនធានជលផល ប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាពក្នុងតំបន់សមុទ្រ បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ដីគោក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។
ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈភាពជាដៃគូជាមួយអង្គការអភិរក្សអន្តរជាតិ (CI) អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាពេលនេះ នឹងចូលរួមចំណែក លើកកម្ពស់ការអភិរក្សជីវចម្រុះ ការពង្រឹងការគ្រប់គ្រងជលផល និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគាំទ្រអភិបាលកិច្ច និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា ការជួយលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ក្នុងការរួមគ្នាបន្តអភិរក្សសត្វព្រៃ ទឹកសមុទ្រ និងទឹកសាប នៅកម្ពុជាឱ្យកាន់តែបានគង់វង់៕