នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី» នៅខេត្តសៀមរាប។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ព្រមទាំងតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អង្គការសុខភាពពិភពលោក(WHO) និងអង្គការសុខភាពសត្វពិភពលោក។
ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរពីភាគជោគជ័យកន្លងមកដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធក្រោមក្របខណ្ឌសុខភាពតែមួយ ហើយសម្រាប់ប្រទេសកម្ពុជា បទពិសោធន៍ពីជំងឺផ្តាសាយបក្សី(A/H5N1) បានបញ្ជាក់យ៉ាងច្បាស់ពីសារសំខាន់និងភាពរឹងមាំនៃការរក្សាប្រព័ន្ធតាមដានជំងឺ ការរាយការណ៍ទាន់ពេលវេលា និងយន្តការឆ្លើយតបរហ័សពេលមានជំងឺផ្ទុះ។
បើតាមឯកឧត្ដមរដ្ឋលេខាធិការ ឧបករណ៍វាយតម្លៃហានិភ័យរួម(Joint Risk Assessment Operational Tool) ដែលបង្កើតឡើងដោយអង្គការ(FAO, WHO &WOAH) នឹងផ្តល់នូវភាពជាក់ស្តែងសម្រាប់វាយតម្លៃហានិភ័យដែលបណ្តាលមកពីជំងឺឆ្លងរវាងសត្វ និងមនុស្ស។ ឧបករណ៍នេះ ត្រូវបានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការដាក់បញ្ចូលដំណើរការវាយតម្លៃហានិភ័យរួម ឱ្យទៅជាយន្តការប្រកបដោយចីរភាព។
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឧបករណ៍វាយតម្លៃហានិភ័យរួមនេះ គឺជាមូលដ្ឋានសម្រាប់កំណត់អាទិភាព និងការរៀបចំផែនការយុទ្ធសាស្ត្រ ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសុខភាពតែមួយ និងការពង្រឹងសន្តិសុខសុខភាពជាតិ ការត្រៀមខ្លួនសម្រាប់ការទប់ស្កាត់និងឆ្លើយតបចំពោះហានិភ័យជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀតនាពេលអនាគត៕