នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះបំពេញបេសកកម្ម និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងរដូវបើកនេសាទ នៅភូមិសាស្ត្រស្រុកក្រគរខេត្តពោធិ៍សាត់ និងស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។
បេសកកម្មនេះ អមដំណើរដោយ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ កងកម្លាំងយោធាភូមិភាគ៥(កងពល៥៣) កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី ឧបករណ៍នេសាទខុសច្បាប់រុះរើបំផ្លាញចោលរួមមាន របាំងសាច់អួនក្រឡាញឹកប្រវែង ១៥០ម៉ែត្រ លូកងសាច់អួនក្រឡាញឹក ចំនួន២គ្រឿង និងដកបង្គោលឈ្នក់ចំនួន ៣កន្លែង ស្មើនឹង ៣៦ដើម។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថាឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម៕