នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំកម្មវិធីផ្សព្វផ្សាយវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដោយមានការចូលរួមពី តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) អង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធី CAFE25 នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកម្មវីធី CSR ដើម្បីអនុញ្ញាតឱ្យកសិករអាចអញ្ជើញចូលរួមបាន។ CAFE25 នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យកសិកម្ម ដែលនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់អាចស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការដើម្បីជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យមានការចូលរួមគាំទ្រក្នុងកម្មវិធី CAFE25 ឱ្យបានផុសផុលផងដែរ៕