នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Istvàn BAKOS ភារធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រី ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ហុងគ្រី និងការពិនិត្យលទ្ធភាពធ្វើការវិនិយោគ និងធ្វើធុរៈកិច្ចលេីផលិតកម្មបសុបក្សី ជាពិសេសការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដេីមផលិតកម្ម។
នាជំនួបពិភាក្សានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះប្រតិភូហុងគ្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ និងមានគោលបំណងបង្កើនការវិនិយោគ និងធុរៈកិច្ចក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ទាំងទិដ្ឋភាពច្បាប់និងបច្ចេកទេស ដើម្បីវិនិយោគ និងធុរៈកិច្ចចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមនីតិវិធីត្រឹមត្រូវ មានស្តង់ដាគុណភាពផលិតកម្មខ្ពស់ តម្លៃល្អសមរម្យ សំដៅទទួលបានផលចំណេញសេដ្ឋកិច្ចទាំងអស់គ្នា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងស្រុក៕