កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល នៅខេត្តពោធិ៍សាត់។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, មន្រ្តីជំនាញ, ថ្នាក់ដឹកនាំខេត្ត, មន្ទីរពាក់ព័ន្ធ, រដ្ឋបាលក្រុង-ស្រុក, តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មមួយចំនួនក្នុងខេត្តផងដែរ។
អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍ចំនួន៥លើកកន្លងមក ក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការបញ្ចេញកញ្ចប់ឥណទានការប្រាក់ទាបជាបន្តបន្ទាប់ ដែលបានជួយឱ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីននៅតាមបណ្តាខេត្តគោលដៅសំខាន់ៗ បង្កើនសមត្ថភាពទិញស្រូវពីបងប្អូនកសិករកាន់តែច្រើនថែមទៀត បន្ថែមពីលើទុនបង្វិលដែលមាន នៅរដូវសម្រុកប្រមូលផលដែលជួយឱ្យមានរំហូរនៃការចុះទិញស្រូវមានដល់គ្រប់ទិសទី ជាពិសេស នៅទីតាំងដែលមិនសូវមានឈ្មួញចុះទិញ និងជួយឱ្យប្រជាកសិករទទួលបានតម្លៃកាន់តែល្អប្រសើរ និងប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ម្ចាស់រោងម៉ាស៊ីនដែលធ្លាប់ទទួលបានកម្ចីឥណទានកន្លងមក បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កើតឱ្យមានកញ្ចប់ហិរញ្ញប្បទានការប្រាក់ទាបនេះ ដើម្បីជួយគាំទ្រដល់រោងម៉ាស៊ីនដែលត្រូវការទុនបន្ថែមដើម្បីប្រមូលទិញស្រូវពីកសិករបានទាន់ពេលវេលា, គាំទ្រដល់ការកែច្នៃ, បង្កើនតម្លៃបន្ថែម, គាំទ្រដល់អនុវិស័យចិញ្ចឹមសត្វ, បង្កើតការងារក្នុងស្រុក, លើកស្ទួយសេដ្ឋកិច្ចជនបទ, លើកកម្ពស់ជីវភាពប្រជាកសិករ និងជួយជំរុញការនាំចេញអង្ករកម្ពុជា។
សូមបញ្ជាក់ថា ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនេះ គឺជាយន្តការអន្តរក្រសួង ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្មជាអ្នកអនុវត្តការងារវាយតម្លៃផ្តល់ឥណទាន, បញ្ចេញឥណទាន និងប្រមូលឥណទានត្រឡប់មកវិញឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងការផ្សព្វផ្សាយនេះ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីកត្តាដែលអាចជះឥទ្ធិពលដល់តម្លៃស្រូវ និងរិះរកយុទ្ធវិធីថ្មីៗដេីម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចសហការល្អកន្លងមក និងបានសំណូមពរដល់ម្ចាស់រោងម៉ាសុីន និងឈ្មួញទិញស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព និងក្នុងតម្លៃសមរម្យ ដើម្បីជួយកសិករឱ្យទទួល បានប្រាក់ចំណេញ និងមានកម្លាំងចិត្តបន្តមុខរបរកសិកម្ម។
ក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះតាមរោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យជាក់ស្តែង និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅបង្កើនការជួយគាំទ្រដល់បងប្អូនកសិករ៕