នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រុមការងារក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលទទួលបានលទ្ធផលជោគជ័យនេះឡើង ព្រមទាំងលើកទឹកចិត្តដល់អង្គពិធីទទួលស្តាប់ ផ្តល់ធាតុចូលបន្ថែម បន្តអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយឱ្យទូលំទូលាយផងដែរ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការអនុវត្តប្រព័ន្ធស្នើសុំឌីជីថលនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការចំណេញពេលវេលានិងថវិកា ជំរុញប្រសិទ្ធការងារស្របតាមច្បាប់និងបទប្បញ្ញត្តិ មានទិន្នន័យត្រឹមត្រូវ មានតម្លាភាព និងរួមចំណែកកាត់បន្ថយការិយាធិបតេយ្យ។
ក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជានិច្ច ដើម្បីផ្ដល់ព័ត៌មានបន្ថែម សំដៅផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំលិខិតនានា៕