នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរៀបចំវគ្គអប់រំផ្សព្វផ្សាយដល់យុវនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៦០០នាក់ សំដៅបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងជំងឺអេដស៍។
កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ឈឹម ឃិនដារ៉េត តំណាងអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍, ឧត្តមសេនីយ៍ឯក លឹម តុងហួត តំណាងអគ្គលេខាធិការដ្ឋាននៃ អ.ជ.ប.គ.ញ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារក្រសួង គណ:គ្រប់គ្រងសាកលវិទ្យាល័យ គ្រូឧទ្ទេស និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិទាំងពីរ។
ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទាំងពីរ និងការកោតសរសើរដល់គណៈគ្រប់គ្រងសាលាចំពោះកិច្ចសហការរៀបចំកម្មវិធីនេះ និងការជួយផ្សព្វផ្សាយដល់និស្សិតនាពេលកន្លងមក ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី បានផ្តាំផ្ញើ និងលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់បានយល់ជ្រួតជ្រាបពីបញ្ហាគ្រឿងញៀន និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ដើម្បីក្លាយជាកូនល្អ មិត្តល្អ និស្សិតល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្សីរបស់ជាតិឈានទៅសម្រេចគោលដៅដ៏វិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀន និងជំងឺអេដស៍» នាពេលអនាគត។
មុននឹងបញ្ចប់កម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមនិស្សិតចំនួន ៣ក្រុម បានធ្វើការប្រកួតប្រជែងវោហារកោសល្យ ដើម្បីចែករំលែកចំណេះដឹងល្អៗដែលពាក់ព័ន្ធនឹងប្រធានបទគ្រឿងញៀន និងតួនាទីរបស់យុវជនក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើយ៉ាងណាឱ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន និងជំងឺអេដស៍ តាមអភិក្រម «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ»៕