នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ គ្រោងរៀបចំធ្វើនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងដែលជាគណៈកម្មការសម្របសម្រួលនិងគ្រប់គ្រងរួម និងតាមបណ្តាអនុគណៈកម្មាការ ក៏ដូចជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំង៣ ជាអាថិ៍៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ព្រមទាំងបានបែងចែកតួនាទីភារកិច្ច ជូនដល់សមាជិក សមាជិកា ធ្វើយ៉ាងណាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន ធានាបាននូវសុខសុវត្ថិភាពដល់ថ្នាក់ដឹកនាំសំខាន់ៗជាន់ខ្ពស់ ដែលនឹងអញ្ជើញមានវត្តមានក្នុងពិធីនេះ៕