នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១ ក្រោមការដឹកនាំរបស់ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យទាំងបី រួមមាន៖ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារត្រី-វិស័យ និងមន្ត្រីលេខាធិការដ្ឋានអន្តរក្រសួងនៃក្រសួងទាំងបី។
កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពត្រី-វិស័យនៅតាមសហគមន៍ក្នុងខែតុលា និងផែនការសកម្មភាពសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើការជ្រើសរើសសហគមន៍ចំនួន៥បន្ថែម ដែលធ្វើទៅលើ សហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប សហគមន៍អ្នកប្រើប្រាស់ទឹក ភូមិគំរូ សម្រាប់អនុវត្តកិច្ចអន្តរាគមន៍ក្នុងឆ្នាំ២០២៨។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យ ឆ្នាំ២០២៧-២០៣១ ផែនការ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ និងការធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារ និងលេខាធិការដ្ឋានផងដែរ។
ទន្ទឹមនឹងនោះក្នុងកិច្ចពិភាក្សា អង្គប្រជុំបានផ្តោតលើការធានានិរន្តរភាពសហគមន៍ តាមរយៈការពង្រឹងអភិបាលកិច្ច ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគមន៍ ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនការចូលរួមពីដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅមូលដ្ឋាន ជាពិសេសការបន្តអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជំហានទី២។
ជាលទ្ធផល កិច្ចប្រជុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់ក្រសួងទាំងបី ក្នុងការពង្រឹងភាពជាដៃគូ និងយន្តការសម្របសម្រួលអន្តរក្រសួង ព្រមទាំងជំរុញការចែករំលែកព័ត៌មាន ទិន្នន័យ និងធាតុចូលបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចអន្តរាគមន៍ត្រី-វិស័យ ឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយចីរភាព៕