នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ ស្ថិតក្នុងឃុំបន្ទាយនាង ឃុំបត់ត្រង់ ឃុំឫស្សីក្រោក ឃុំស្រះរាំង និងឃុំតាឡំ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនទាំងអស់ផងដែរ។ សម្តេចធិបតី រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងនៅកៀកជាមួយប្រជាពលរដ្ឋជានិច្ចក្នុងគ្រប់កាលៈទេសៈ។
ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានផ្តល់ស្បៀងអាហារ និងទំនុកបម្រុង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពុកម៉ែបងប្អូនដែលរងគ្រោះ៕