កាលពីថ្ងៃទី២៥ ខែកក្កដាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ដឹកនាំដោយ ឯកឧត្តម គង់ ច័ន្ទវាសនា និងមានការចូលរួមពី ឯកឧត្តម ងិន ឆាយ លោកជំទាវ ហ៊ូ សុពណ៌ លោកស្រី ស៊ិន សោភណ័ ជាអនុប្រធាន និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រះនេត្រព្រះ បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភកងកម្លាំង ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋជាពិសេសកុមារកំព្រាដែលភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ ក្នុងខេត្តឧត្តរមានជ័យ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ។
ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តាំផ្ញេីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុរបស់ភាគីថៃ។ ឯកឧត្តមបានលេីកទឹកចិត្តឱ្យទាំងអស់គ្នាបន្តជឿជាក់លេីការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំបញ្ជាដោះស្រាយបញ្ហា និងទប់ទល់ការឈ្លានពានរបស់ថៃមកលេីទឹកដីកម្ពុជាយេីង។
ឯកឧត្តម គង់ ច័ន្ទវាសនា បានជម្រាបជូនបន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ក្រុង និងស្រុកទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ កំពុងមានវត្តមានក្នុងមូលដ្ឋានក្រុង ស្រុក និងខេត្ត ដេីម្បីជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងខេត្ត លេីការងារចាំបាច់នានា ក្នុងស្ថានភាពលំបាកនេះ៕