នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ និងតំណាងវិស័យឯកជនកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន SENG FONG HOLDINGS BERHAD ដែលជាក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ី និងបានចូលទៅក្នុងទីផ្សារភាគហ៊ុនផងដែរ។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតជ័រកៅស៊ូបានចំនួន១៩ម៉ឺនតោន/ឆ្នាំ ដែលស្មើនឹង២/៣ នៃផលិតផលជ័រកៅស៊ូសរុបនៅក្នុងស្រុក។ រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន បានអនុវត្តពេញលេញតាមស្តង់ដារគុណភាព និងស្ដង់ដារបរិស្ថាន ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (MRB) និងបានអនុវត្តតាមបទប្បញ្ញតិ EUDR ដើម្បីលក់ផលិតផលជ័រទៅសហគមអឺរ៉ុប។ បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automative System) ក្នុងខ្សែច្រវាក់កែច្នៃទាំងស្រុង។
ក្រៅពីកែច្នៃប្រភេទជ័របង្កកក្នុងស្រុក ក្រុមហ៊ុនបានបញ្ជាទិញជ័របង្កកពីប្រទេសថៃ ភូមា និងប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួន ដើម្បីបំពេញសមត្ថភាពតម្រូវការផលិតប្រភេទជ័រគុណភាព SMR10 and SMR20 ដែលជាតម្រូវការគុណភាពសម្រាប់បម្រើឧស្សាហកម្មសំបកកង់រថយន្ត។ នៅឆ្នាំ២០១៧ ក្រុមហ៊ុន SENG FONG HOLDINGS BERHAD បានបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូមួយនៅក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ដោយបានប្រមូលទិញជ័រកៅស៊ូពីចម្ការកៅស៊ូគ្រួសារក្នុងតំបន់ មកកែច្នៃជាប្រភេទជ័រកៅស៊ូ CSR10 សម្រាប់ផ្គត់ផ្គង់លក់ឱ្យរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងភាពឈានមុខលើប្រព័ន្ធស្វ័យប្រវត្តិកម្មកែច្នៃជ័រកៅស៊ូ។ ជាមួយគ្នានេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើបសមស្របនឹងបរិបទកម្ពុជាទៅអនុវត្តផងដែរ៕