នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរដោយ លោក គឹម ទី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ស្ដីទី លោកនាយផ្នែក-នាយរងផ្នែកក្រគរ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បានចូលរួមចុះត្រួតពិនិត្យស្ថានភាពបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់។
ក្នុងបេសកកម្មនេះ ក្រុមការងារពុំបានជួបសកម្មភាពបទល្មើសជលផលនោះទេ ជាពិសេសចុះត្រួតពិនិត្យការដាក់ឧបករណ៍នេសាទ លបណរ៉ាវ របស់ប្រជានេសាទ ដោយពួកគាត់ គោរពអនុវត្តតាមគោលការណ៍ របស់សមត្ថកិច្ចជំនាញ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានប្រជុំនៅស្នាក់ការសហគមន៍នេសាទស្រីចឹក ដោយធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចម្រុះមានផ្នែក សង្កាត់ ដែលឈរជើង ហើយបានសហការជាមួយក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្ដពោធិ៍សាត់បានយ៉ាងល្អប្រសើរ ដោយខិតខំប្រឹងប្រែង ការពារ ទប់ស្កាត់បទល្មើសនាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដល់មតិណែនាំបន្ថែមជូនដល់ក្រុមការងារឱ្យប្រឹងប្រែងពុះពារបន្តទៀត ពិសេសលើករណីនៃបទល្មើសនេសាទឆក់ចល័ត និងព្យាយាមការពារកន្លែងអភិរក្សជលផល ដោយចែកវេនចេញល្បាតទាំងយប់-ថ្ងៃ ដើម្បីថែរក្សាមច្ឆជាតិឱ្យបានគង់វង្ស កុំឱ្យមានការថ្លោះធ្លោយ។
ជាទីបញ្ចប់ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងចម្រុះ ដែលបានសហការយ៉ាងល្អជាមួយមន្រ្តីជំនាញ ដោយបានទប់ស្កាត់បទល្មើសជលផលយ៉ាងសកម្ម ប្រកបដោយជោគជ័យ និងសំណូមពរឱ្យមានការសហការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀតក្នុងការអនុវត្តភារកិច្ច ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមរបស់ទាំងអស់គ្នា៕