ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបប្រជុំជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានពិភាក្សានិងពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅរាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះក៏មានការចូលរួមពីលោក ង៉ាន ណានី អគ្គលេខាធិការរង និងសហការី លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រធានការិយាល័យ នីតិកម្មកសិកម្ម។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាព ការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ។ ជាមួយគ្នានេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារ និងបន្តពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការតាមដានដោយយកចិត្តទុកដាក់លើការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ពេលរសៀលថ្ងៃដដែល ឯកឧត្ដម វ៉ា ពិសី ក៏បានដឹកនាំក្រុមការងារ គាំទ្របច្ចេកទេសនិងពិនិត្យសេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំជាមួយឯកឧត្ដម ហួត ហៃ ឯកឧត្ដម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់សេវារដ្ឋបាល វិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយនិងពិនិត្យលើសំណុំឯកសារ ស្នើសេវារដ្ឋបាលពាក់ព័ន្ធនឹងការងារកសិកម្ម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ លើសេវាអនុវិស័យជលផល សេវាផលិតកម្ម និងបសុព្យាបាល សេវាជី ថ្នាំកសិកម្ម និងបញ្ហាផ្សេងៗផងដែរ៕