នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមជនបង្គោលអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកសិកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលបំពេញបញ្ជីសំណួរ ដើម្បីត្រៀមឆ្លើយតបនឹងការសម្ភាសន៍ ស្តីពីការរៀបចំរបាយការណ៍វាយតម្លៃការអនុវត្តន៍គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(NTVETP) ២០១៧-២០២៥ ដោយសហការជាមួយអង្គការអាយឡូ (ILO) ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើអធិការកិច្ចអន្តរក្រសួងនៅឆមាសទី២ នៃឆ្នាំ២០២៥នេះ។
កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការចូលរួមពីឯកឧត្តមអគារធិការ នៃអគារធិការដ្ឋាន ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង លោកនាយកវិទ្យាស្ថានកសិកម្មព្រៃលាប នាយកវិទ្យាស្ថានកសិកម្មកំពង់ចាម លោកលោកស្រីដែលជាតំណាងនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានផែនការស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចឯកភាពត្រៀមឆ្លើយទៅនឹងកម្រងសំណួរចំនួន១៩ ឱ្យបានរួចរាល់ ដោយយោងតាមស្មារតីអង្គប្រជុំព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះបានសម្រេចថា អង្គប្រជុំនឹងរៀបចំជួបគ្នាម្ដងទៀតដើម្បីកែសម្រួលនូវកម្រងអត្ថបទឆ្លើយឆ្លងនឹងការសម្ភាសន៍នាថ្ងៃខាងមុខនេះឱ្យមានគុណភាព និងសង្គតិភាពស្របជាមួយនឹងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕