នៅថ្ងៃព្រឹកទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP រួមជាមួយឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្ដមណ្ឌលគិរី បានអញ្ជើញធ្វើជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដសមាសភាគទី៣ស្ដីពី សេវាគាំទ្របង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក លោកប្រធានរដ្ឋបាលខេត្ដ ក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF ក្រុមការងារអនុវត្ដគម្រោងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដមណ្ឌលគិរី អាជ្ញាធរស្រុក-ឃុំ មន្រ្ដីកសិកម្មឃុំ សហគមន៍ (កសិកម្ម ព្រៃឈើ ប្រើប្រាស់ទឹក) វិស័យឯកជន អង្គការដៃគូរ និងកសិករគំរូ ក្នុងតំបន់វិសាលភាពអនុវត្ដគម្រោង។
ឯកឧត្តមដ្ឋលេខាធិការបានគូសបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការសកម្មភាព និងលទ្ធផលរំពឹងទុកនៃការអនុវត្តគម្រោងដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធ ក៏ដូចជាបញ្ជ្រាបការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាតបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ Climate Smart Agriculture (CSA) និងកំណត់មុខសញ្ញាដែលធ្វេីឱ្យថ្លៃដេីមផលិតកម្មមានតម្លៃខ្ពស់សំដៅសិក្សាស្រាវជ្រាវរកបច្ចេកទេសកាត់បន្ថយថ្លៃដេីមលេីមុខដំណាំអាទិភាពក្នុងតំបន់គោលដៅ។
ក្នុងអង្គសិក្ខាសាលា ឯកឧត្ដមអភិបាលរងនៃគណៈភិបាលខេត្ដ បានគាំទ្រដល់គម្រោង និងស្នើដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ កសិករ និងអ្នកពាក់ព័ន្ធ ត្រូវប្ដេជ្ញាចូលរួមសហការជាមួយនឹងគម្រោងដើម្បីកែលម្អធនធានទឹកសម្រាប់ប្រើប្រាស់ទៅតាមពហុបំណង បង្កើនផលិតកម្មកសិកម្មឱ្យមានភាពសំបូរបែប បំពេញតម្រូវការក្នុងខេត្ដ និងតំបន់ ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលរង ក៏បានបង្ហាញពីតំបន់សក្តានុពលនិងដំណាំអាទិភាពក្នុងវិសាលភាពគម្រោងផងដែរ។
ថ្លែងក្នុងកម្មវិធីបេីកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការលើកឡើងរបស់ឯកឧត្ដមអភិរងនៃគណៈអភិបាលខេត្ដ រួមមាន តំបន់មានសក្ដានុពល ប្រភេទមុខដំណាំអាទិភាព ការចូលរួមជួយគាំទ្រ និងសហការពីអាជ្ញាធរស្រុក ឃុំ និងកសិករ។ ឯកឧត្ដមបានបន្ថែមថា គម្រោងកំពុងអនុវត្ដនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងគោលបំណងកែលម្អសន្ដិសុខទឹកកម្ពុជា ធ្វើឱ្យការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធមូលដ្ឋានពីបច្ចេកទេសសមស្របនានា ការកំណត់បានប្រភេទមុខដំណាំមានសក្តានុពលក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាជន ។
ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាធ្វើការពិភាក្សានិងផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀតសំដៅធ្វេីឱ្យការអនុវត្តផែនការសកម្មភាពគម្រោងទទួលបានតាមលទ្ធផលរំពឹងទុកប្របកដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព៕