នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន PT JAPFA មកពីប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគលើអនុវិស័យផលិតកម្មសត្វ និងវារីវប្បកម្មនៅកម្ពុជា។
ជំនួបធុរកិច្ចនេះឆ្លុះបញ្ចាំងពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ាន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង «សន្តិសុខស្បៀងក្នុងតំបន់» (Regional Food Security) ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
នាឱកាសនោះ ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់ធុរជនឥណ្ឌូណេស៊ីមកលើបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព និងសក្តានុពលនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគំរូអាជីវកម្មទំនើបដែលផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃពេញលេញ តាំងពីការបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ផលិតផលសម្រេចស្របតាមស្តង់ដារអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាលើកាលានុវត្តភាពសំខាន់ៗ រួមមាន៖ (១)ឧស្សាហកម្មគោទឹកដោះ និងបសុសត្វ៖ ការផ្ទេរបច្ចេកវិទ្យាចិញ្ចឹមទំនើប ការផលិតចំណីសត្វតាមស្តង់ដារ និងការគ្រប់គ្រងជីវសុវត្ថិភាព/វ៉ាក់សាំង និង(២)វារីវប្បកម្មទឹកសាប និងទឹកប្រៃ៖ ការពង្រីកសក្តានុពលវារីវប្បកម្ម និងកែច្នៃសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។
កិច្ចពិភាក្សានេះត្រូវបានរំពឹងថានឹងក្លាយជាស្ពានមេត្រីភាពដ៏រឹងមាំមួយទៀតក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងប្រែក្លាយកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕