នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារដឹកនាំ និងអភិវឌ្ឍដំណាំរដូវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារក្នុងការជំរុញផលិតកម្មបន្លែ ព្រមទាំងពិនិត្យការរៀបចំបែងចែកភារកិច្ច តួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីជំនាញ ស្របតាមរចនាសម្ព័ន្ធថ្មី។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ខាន់ សំបាន អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំបានពិនិត្យលើការរៀបចំ និងបែងចែកភារកិច្ច តួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីតាមការិយាល័យជំនាញនីមួយៗ ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពការងារ ការទទួលខុសត្រូវ និងការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានចូលរួមផ្តល់ធាតុចូល និងចែករំលែកបទពិសោធន៍ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាការបូកសរុប ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានណែនាំឱ្យអនុវត្តការងារសំខាន់ៗ ដូចខាងក្រោម៖
១. រៀបចំ និងកែលម្អរចនាសម្ព័ន្ធការងារ ដោយកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ការិយាល័យជំនាញឱ្យបានច្បាស់លាស់ និងស្របតាមបេសកកម្មរបស់នាយកដ្ឋាន។ ២. កែលម្អការប្រមូលទិន្នន័យ ស្តីពីផ្ទៃដីផលិតកម្ម បរិមាណផលិតកម្ម និងតម្លៃទីផ្សារបន្លែប្រចាំសប្តាហ៍ ឱ្យមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងអាចប្រើប្រាស់សម្រាប់ការរៀបចំផែនការ និងសម្រេចចិត្ត៕