នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីបង្គោលតាមអនុវិស័យដំណាំ និងមន្ត្រីបង្គោលអនុវិស័យស្រាវជ្រាវ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធកសិកម្មកកើតឡើងវិញនិងប្រកបដោយភាពធន់ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាបញ្ចប់លើសេចក្ដីព្រាងផែនការអនុវត្តប្រព័ន្ធកសិកម្មកកើតឡើងវិញនិងមានភាពធន់របស់អាស៊ាន និងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានស្តីពីការជំរុញអនុវត្តប្រព័ន្ធកសិកម្មកកើតឡើងវិញនិងប្រកបដោយភាពធន់។ ការរៀបចំរបស់អាស៊ាននេះ គឺធ្វើឡើងដើម្បីកំណត់រួមគ្នានូវវិធានការឆ្លើយតបទៅនឹងសម្ពាធនិងឥទ្ធិពលអវិជ្ជមានដូចជា បម្រែបម្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ស្ថានភាពមិនប្រាកដប្រជាជាសកលភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង និងធាតុចូលកសិកម្ម ដែលបាននិងកំពុងកើតមានទៅលើមូលធនធម្មជាតិ (ដី ទឹក ជីវចម្រុះ) និងប្រព័ន្ធស្បៀងកសិកម្ម។ កិច្ចប្រជុំ ក៏បានផ្តោតការពិភាក្សាផងដែរ ទៅលើកម្មវិធីថ្នាក់តំបន់ និងជាតិ យន្តការសម្របសម្រួលនិងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងអង្គការអន្តរជាតិ ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តផែនការខាងលើ។
សេចក្ដីព្រាងចុងក្រោយនៃឯកសារទាំងពីរខាងលើ នឹងត្រូវដាក់ជូនរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន អនុម័តនាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាខែតុលា ឆ្នាំ២០២៦ ខាងមុខ ៕