នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ប្រតិភូអ្នកជំនាញអភិរក្សអន្តរជាតិ នៅទីស្នាក់ការឆ្មាំទន្លេកាំពី ខេត្តក្រចេះ ដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ដែលជា «រតនសម្បត្តិជាតិ»។
លោកជំទាវបានប្រកាសពីសមិទ្ធផលសំខាន់នៃការរៀបចំ «បញ្ជាការដ្ឋានអភិរក្សសត្វផ្សោត» ដែលនឹងលេចរូបរាងឡើងនៅចុងឆ្នាំ២០២៦ នេះ តាមរយៈការគាំទ្រពីអង្គការ WWF និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ បញ្ជាការដ្ឋាននេះ នឹងអនុញ្ញាតដល់អ្នកជំនាញ ជាពិសេសឆ្មាំទន្លេ ពិនិត្យ ប្រមូលទិន្នន័យ ឃ្លាំមើល និងឆ្លើយតបទាន់ពេលវេលាចំពោះបទល្មើសខុសច្បាប់ ពិសេសការបង្ក្រាបការនេសាទដោយប្រើឧបករណ៍ឆក់ ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ដែលជា «រតនសម្បត្តិជាតិ» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការបង្កើតបញ្ជាការដ្ឋាននេះ ដើរទន្ទឹមគ្នានឹងយន្តការល្បាត២៤ម៉ោងជារៀងរាល់ថ្ងៃ ការបង្ក្រាបបទល្មើសយ៉ាងម៉ឺងម៉ាត់ ការប្រើប្រាស់បច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើប eDNA និង PAM (ប្រព័ន្ធស្តាប់សំឡេងក្រោមទឹក) ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។
ក្រោយកិច្ចសំណេះសំណាលបិទបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំប្រតិភូអន្តរជាតិយ៉ាងច្រើនកុះករ រួមមាន៖ តំណាងអង្គការ WWF ប្រចាំប្រទេសអូស្ត្រាលី ប៉ាគីស្ថាន មីយ៉ាន់ម៉ា នេប៉ាល់ ឥណ្ឌា ឥណ្ឌូនេស៊ី និង WWF អន្តរជាតិ, អ្នកជំនាញមកពីមជ្ឈមណ្ឌល The Marine Mammal Center (TMMC) និងគណៈកម្មាធិការវិទ្យាសាស្ត្រ IWC, មន្ដ្រីតំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងកងកម្លាំងឆ្មាំទន្លេ ពិនិត្យវឌ្ឍនភាពនៃការរៀបចំបញ្ជាការដ្ឋានអភិរក្សសត្វផ្សោតថ្មី មុននឹងធ្វើដំណើរតាមទូកដើម្បីទស្សនាសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ក្នុងខេត្តក្រចេះ៕