នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ចំនួន ១៦៦នាក់ នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនបងប្អូនអាជីវករអំពីវឌ្ឍនភាពថ្មីៗនៃវិស័យកសិកម្ម និងការបន្តយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះវិស័យកសិកម្ម និងប្រជាកសិករ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា តាមរយៈការដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និងមានរហូត” និងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន “យន្តការរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប” សំដៅបម្រើផលប្រយោជន៍បងប្អូនកសិករឱ្យកាន់តែសកម្មថែមទៀត និងបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មជី និងថ្នាំកសិកម្ម ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនអាជីវករយកចិត្តទុកដាក់ចំពោះមេរៀនរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋានអំពីការប្រើប្រាស់ជី និងថ្នាំកសិកម្ម ក៏ដូចជាអំពីលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងជី និងថ្នាំកសិកម្ម និងឱ្យលក់ដូរតែផលិតផលស្របច្បាប់ និងមានចុះបញ្ជិកាត្រឹមត្រូវ ដែលធានាបាននូវគុណភាពសម្រាប់ការដាំដុះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បងប្អូនអាជីវករជី និងថ្នាំកសិកម្ម គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្មខេត្ត និងក្រសួងកសិកម្ម តាមរយៈការជួយផ្គត់ផ្គង់ជី និងថ្នាំកសិកម្មដល់ប្រជាកសិករសម្រាប់ការដាំដុះ និងជួយពន្យល់ណែនាំដល់កសិករអំពីការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមបច្ចេកទេស ក៏ដូចជាចូលរួមកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញរបស់ប្រជាកសិករ៕