នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារកន្លងមកបន្ទាប់ពីកិច្ចប្រជុំលើកទី២ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីខែមករា ឆ្នាំ២០២៥។
សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវអនុរដ្ឋលេខាធិការ បានរាយការណ៍ពីសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថាន នៃប្រទេសឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា បើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន។ តាមរយ:កិច្ចប្រជុំនេះ លោកជំទាវ ក៏បានស្នើឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើអនុវិស័យកសិកម្មពាក់ព័ន្ធបន្ថែមទៀត៕