ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន
ចេញផ្សាយ ២២ វិច្ឆិកា ២០២៦
70
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អមដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន Hangzhou Low-Altitude Industry Development Co.,Ltd(HLID) ក្នុងជំនួបពិភាក្សាការងារ ក្នុងអំឡុងពេលទស្សនកិច្ចសិក្សា នៅទីក្រុងហាំងចូវ សាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញចប់សព្វគ្រប់ ឯកឧត្តម គី ច័ន្ទរំដួល បានស្វាគមន៍ចំពោះចក្ខុវិស័យក្នុងការពង្រីកវិសាលភាពដ្រូនល្បាតជាមួយផែនទីបង្ហាញផ្លូវ ព្រមទាំងផ្តល់អនុសាសន៍ដល់ភាគីក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគលើភស្តុភារកម្មត្រជាក់(ឡូជីស្ទីក) និងកសិផលសក្កានុពលរួមមាន៖ អង្ករក្រអូបផ្ការំដួល ស្វាយចន្ទី មៀន ទុរេន ស្វាយ ដំឡូងមី ម្រេច ដើម្បីជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែម និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់វិនិយោគថ្មីដែលមានការលើកទឹកចិត្ត និងអំណោយផលដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ផងដែរ។
ឯកឧត្តម គី ច័ន្ទរំដួល ក៏បានបន្តជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងខេត្តជឺជាំង និងណែនាំឱ្យគិតគូរពង្រឹងចំណេះជំនាញនិងភាសាបរទេស ផ្តោតលើកត្តាសុខភាព មិនត្រឹមតែប៉ុណ្ណោះត្រូវមានសាមគ្គីភាព សីលធម៌ សុជីវធម៌ ចេះស្វែងយល់ពីវប្បធម៌ប្រពៃណីនានា និងចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ ដើម្បីពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងក្លាយជាធនធានមនុស្សរួមចំណែកអភិវឌ្ឍកសាងសង្គមជាតិនាពេលអនាគត ជាពិសេសការចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕