ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចូលរួម កម្មវិធីបង្ហាញបច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបក្នុងផលិតកម្មស្រូវ នៅប្រទេសវៀតណាម
ចេញផ្សាយ ២៣ វិច្ឆិកា ២០២៦
28
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីអង្គការ GIZ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មចូលរួម កម្មវិធីបង្ហាញផ្ទាល់នៅលើវាលស្រែ ស្តីពីគ្រឿងចក្រ និងបច្ចេកវិទ្យាសម្រាប់ផលិតកម្មដំណាំស្រូវ នៅស្រុក Vi Thuy ទីក្រុង Can Tho ប្រទេសវៀតណាម។
កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) គណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម (MAE) ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងលើការធ្វើទំនើបកម្មផលិតកម្មស្រូវ តាមរយៈយន្តូបនីយកម្ម ឌីជីថលូបនីយកម្ម និងការអនុវត្តបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ។ សកម្មភាពសំខាន់ៗរួមមាន៖ ការប្រើប្រាស់គ្រឿងចក្រព្រោះស្រូវ និងដាក់ជី ការប្រមូលផលដោយគ្រឿងចក្រទំនើប ការប្រមូល និងវេចខ្ចប់ចំបើង ការកែច្នៃចំបើងជាជីកំប៉ុស និងបញ្ចូលទៅក្នុងដី ការប្រើប្រាស់ដ្រូនកសិកម្ម (UAVs) ព្រមទាំងបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាសម្រាប់កសិកម្មឆ្លាតវៃ (Smart Farming Sensors)។
ជាមួយគ្នានេះ ឯកឧត្តម ខាត់ សុធី និងក្រុមការងារ ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យស្រូវអន្តរជាតិលើកទី២ (2nd International Rice Festival) នៅឧទ្យាន Song Hau ទីក្រុង Can Tho ផងដែរ៕