នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងជំនួបដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ លើចំណុចអាទិភាពសំខាន់ៗ ក្នុងការបង្កើនទំហំកសិ-ពាណិជ្ជកម្ម ការផ្គូផ្គងវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ។
ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន( Sonexay Siphandone) បានថ្លែងអំណរគុណចំពោះសារសួរសុខទុក្ខពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានលើកឡើងពីលទ្ធភាពក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងអភិរក្សរួមគ្នា សំដៅរក្សាបាននូវនិរន្តរភាពព្រៃឈើ និងសត្វព្រៃ។
សូមជម្រាបជូនថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កិច្ចសហប្រតិបត្តិការអភិរក្ស និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕