នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពក្នុងការធានាបាននូវសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព ផ្តល់ឱកាសការងារ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំដ៏រស់រវើកនិងប៉ិនប្រសប់របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈគ្រប់អនុវិស័យ ការអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម និងបានដាក់ចេញកម្មវិធីមួយចំនួនផ្សេងៗទៀត សំដៅគាំទ្រការកសាងសមត្ថភាពអង្គភាពក្រោមឱវាទក្រសួង និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងស្មារតីនេះនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ គូសបញ្ជាក់ដល់អង្គពិធីយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទ ការអភិវឌ្ឍន៍ធនធានមនុស្ស ការងារនីតិកម្ម ការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការងារទំនាក់ទំនងអន្តរជាតិ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការងារឌីជីថលរបស់អគ្គលេខាធិការដ្ឋាន ឱ្យសម្រេចតាមសូចនាករដែលបានកំណត់ទុក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានសង្ឃឹមយ៉ាងមុតមាំក្នុងការប្រមូលធាតុចូលសំខាន់ៗ ដែលជាមូលដ្ឋានក្នុងរៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ សំដៅចូលរួមសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីjគោលនយោបាយអាទិភាពទី៥និងទី៦ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម នីតិកាលទី៧ នៃរដ្ឋសភា ដោយបានដាក់ចេញកម្មវិធីទាំង៣ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕