នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមានដូចជា៖ ដំណាំទុរេន ស្វាយចន្ទី ម្រេច នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
នាដំណើរចុះពិនិត្យនោះ ឯកឧត្តម និងក្រុមការងារ បានចុះទៅចម្ការទុរេនកសិករ តាំង លីវេង ស្ថិតឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដីដាំដុះដំណាំទុរេន ៤៨ហិកតា ដោយទទួលបានបរិមាណផលប្រមាណ ១៦តោន/ហិកតា ។ ចុះទៅចម្ការម្រេចកសិករ យ៉ាន ធី ដែលស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ មានផ្ទៃដីដាំដុះម្រេច ១ហិកតា ដោយទទួលបានបរិមាណផលម្រេចប្រមាណ ៣តោន/ហិកតា។ បន្ទាប់មកចុះពិនិត្យចម្ការស្វាយចន្ទី កសិករ លី ប្រុស នៅឃុំទឹកជ្រៅ ស្រុកតំបែរ ដែលទទួលរងការបំផ្លាញពីទឹកភ្លៀងកក់ខែ។
នាឱកាសនៃជំនួបជាមួយម្ចាស់ចម្ការ ឯកឧត្តម ឈុំ ឆុនលី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការចងក្រងជាសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករដាំដុះទុរេន។ ឯកឧត្តមបានលើកឡើងពីគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីការបង្ការការប៉ះពាល់ដោយភ្លៀងអាស៊ីត រៀបចំដោយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ។ ជាងនេះទៅទៀតឯកឧត្តម ក៏បានលើកឡើងពីតួនាទីមន្រ្ដីកសិកម្មឃុំ ត្រូវចុះផ្ដល់បច្ចេកទេសក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្មដល់កសិករ និងណែនាំមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងមន្រ្ដីកសិកម្មឃុំ បន្តតាមដានរាល់ការងារផលិតកម្មដំណាំឧស្សាហកម្មរបស់កសិករនៅក្នុងខេត្តទាំងមូល៕