នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសហគមន៍កសិកម្ម ព្រមទាំងពិភាក្សាអំពីផែនការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធនាពេលខាងមុខ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញមកពីនាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។ គោលបំណងនៃកិច្ចប្រជុំផ្តោតលើការពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសហគមន៍កសិកម្ម ព្រមទាំងផែនការដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង។
ជាលទ្ធផល អង្គប្រជុំបានឯកភាពកំនត់យកចុង ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ជាពេលវេលាសម្រាប់ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងព័ត៌មានសហគមន៍កសិកម្ម ដោយជ្រើសរើសសហគមន៍ដែលមានសក្តានុពល ដើម្បីធានាបាននូវប្រសិទ្ធភាព និងជោគជ័យនៃដំណាក់កាលសាកល្បងប្រើប្រាស់ដំបូងនេះ៕