នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញសំណេះសំណាលនិងពិនិត្យវឌ្ឍនភាពការងារជាមួយប្រជាកសិករសហគមន៍កសិកម្មទំនើបចំនួនពីរនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺកំពុងត្រៀមអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកការអភិវឌ្ឍដំណាំម្ទេស បន្លែស្លឹក និងមាន់ស្រែ ដោយមានការជ្រោមជ្រែងពីយន្តការត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍជនបទ ដើម្បីធានាបានប្រាក់ចំណូលចម្រុះបន្ថែមជូនសមាជិក ជាពិសេសអតីតយុទ្ធជន។ សហគមន៍កសិកម្មទំនើបស្រូវ-អង្ករគុណភាពមោងឬស្សី បានចាប់ផ្ដើមផលិតកម្មស្រូវស្រងែស្រាលដោយមានកិច្ចសន្យាទិញ-លក់ មុនដាំក្នុងតម្លៃ ៩៥០រៀល/គីឡូក្រាម ហើយទទួលបានប្រាក់ចំណេញពីការសន្សំសំចៃថ្លៃដើមផលិតកម្មតាមរយៈការទទួលបានតម្លៃជីទិញដុំ ដែលជាតម្លៃទាបជាងការខ្ចីបណ្ដាក់ឬជឿធាតុចូលកសិកម្ម។ តម្លៃលក់សមរម្យ និងការសន្សំសំចៃចំណាយលើធាតុចូល គឺសម្រេចបានដោយការរួមគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីធ្វើការចរចាផ្ទាល់ជាមួយដៃគូជាអ្នកទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម បន្ថែមពីលើការបង្កើតភាពងាយស្រួលក្នុងការធ្វើអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព៕