នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារទាំងពីរ។
ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់គ្រប់អង្គភាពចំណុះ ក្នុងការជំរុញអនុវត្តបទបញ្ជា ០១ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ក៏ដូចជាគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពរបស់កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ទាំងលើការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងការប្រយុទ្ធនឹងជំងឺអេដស៍។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់អង្គភាពទាំងអស់ឱ្យបន្តចូលរួមផ្សព្វផ្សាយទាំងក្នុងក្របខណ្ឌក្រសួង ទាំងនៅមូលដ្ឋានដែលអង្គភាពទាំងអស់ទទួលខុសត្រូវ និងទាំងនៅតាមសហគមន៍កសិកម្ម, សហគមន៍ព្រៃឈើ, និងសហគមន៍នេសាទ ដើម្បីចូលរួមឱ្យកាន់តែសកម្មថែមទៀត ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាដែលគ្រឿងញៀន និងជំងឺអេដស៍ត្រូវបានទប់ស្កាត់ និងកាត់បន្ថយជាអតិបរិមា។
មុននឹងបញ្ចប់ ឯកឧត្តម គង់ ច័ន្ទវាសនា បានប្រគល់បណ្ណសរសើរ និងលិខិតសរសើរដែលទទួលបានពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃឆ្នើម ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក៕