ដើម្បីជំរុញការនាំចេញកសិកផល និងការផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានឃើញអំពីខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ ការវេចខ្ចប់កសិផលស្របតាមស្តង់ដា ការកសាងម៉ាកសញ្ញាបង្ហាញអត្តសញ្ញាណសំគាល់ផលិតផលខ្មែរ (Branding Product & Marketing) បែបបទ និងលក្ខខណ្ឌតម្រូវនៃការនាំចូលកសិផល (អនាម័យ និងភូតគាមអនាម័យ) ពីបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងលទ្ធភាពផ្សារភ្ជាប់ភាពជាដៃគូ ជាមួយក្រុមហ៊ុន និងវិស័យឯកជន ។ កម្មវិធីគាំ្រទសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ដឹកនាំដោយ ឯកឧត្តម តូច ប៊ុនហួរ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្រ្តីកម្មវិធីASPIRE-AT និងតំណាងសហគ្រាសធុនតូច និងមធ្យម ( SMEs) សរុប ២១ នាក់ក្នុងនោះមានស្រ្តី ៥ នាក់ រយៈពេល ៥ ថ្ងៃ គឺពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ និងខេត្តមួយចំនួន នៅក្នុងប្រទេសជប៉ុន ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមបេសកកម្ម៖
បានជួបស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន និងវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសជប៉ុន អង្គការ MIPRO, SAH international Co.,Ltd, Sagashiki Co.,LtD, COCOLO KYOTO, FAR EAST inc.Baking Factory, Royal Pepper Tokyo ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ ។ ក្នុងនោះ ក្រុមហ៊ុន Royal Pepper Tokyo ជាក្រុមហ៊ុនមានគោលនយោបាយ ផ្គត់ផ្គង់តែផលិតផលសរីរាង្គ (Organic Products) និងផ្តោតលើទីផ្សារផលិតផល កម្រិតខ្ពស់ និងមានតម្លៃពិសេស (High-end Niche Market)។
• បច្ចុប្បន្ន ក្រុមហ៊ុនមាន អ្នកផ្គត់ផ្គង់ម្រេចពីប្រទេសកម្ពុជា រួចហើយ។
• ក្រុមហ៊ុនមានឆន្ទៈពិចារណាស្វែងរកឱកាសសហការលើ ផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃពិសេសផ្សេងទៀត ដូចជា គ្រាប់ស្វាយចន្ទីសរីរាង្គ ហើយបានបង្ហាញការចាប់អារម្មណ៍លើ សហគមន៍កសិកម្មសរីរាង្គខ្មែរ (Khmer Organic – KOC) ក្រុមហ៊ុន Angkor Green និងសម្ព័ន្ធស្វាយចន្ទីអាស៊ី (Asian Cashew Nut Alliance) ក្នុងនោះក្រុមហ៊ុន កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំ និងចុះ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។