នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ការចុះពិនិត្យនេះមានគោលបំណង ស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងលទ្ធផលជាក់ស្តែងដែលសម្រេចបាននៅមូលដ្ឋាន ដូចជា៖ ការចូលតាំងទីលំនៅរបស់សម្បទានិក ស្ថានភាពនៃការដាំដុះ ការងារជីកស្រះសម្រាប់ផ្គត់ផ្គង់ទឹក ព្រមទាំងការសាងសង់ផ្ទះសំណាញ់។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានជួបសំណេះសំណាលជាមួយសម្បទានិក ដើម្បីស្តាប់ពីស្ថានភាពជីវភាព តម្រូវការ និងបទពិសោធន៍ក្នុងការប្រកបរបរកសិកម្ម ព្រមទាំងពិនិត្យលទ្ធផលនៃការគាំទ្រដែលទទួលបានពីគម្រោង៕