នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានរំលេចពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការផ្តោតសំខាន់លេីការនាំចូលកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រី Francisco P. Tiu Laurel, Jr., បានបង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ដោយឯកឧត្តមរដ្ឋមន្ត្រីនឹងបញ្ជូនគណ:ប្រតិភូហ្វីលីពីន បំពេញទស្សនកិច្ចនៅកម្ពុជា សំដៅសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាពិនិត្យនូវតម្រូវការចាំបាច់របស់ប្រទេសហ្វីលីពីនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសហ្វីលីពីន រួមជាមួយវិស័យឯកជន អញ្ជេីញចូលរួម វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥(CAFE25) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងជាឱកាសល្អក្នុងការផ្គូផ្គងដៃគូវិនិយោគរវាងកម្ពុជា-ហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗដទៃទៀត៕