នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅមន្ទីរកសិកម្មខេត្តរតនគិរី ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ខាន់ សំបាន ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទាំង ៤៩ ឃុំទូទាំងខេត្ត។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបលទ្ធផលការងារ ៦ខែ ដោយលោក ង៉ែត ធារ៉ា អនុប្រធានទទួលបន្ទុករួមមន្ទីរ និងការពិភាក្សាលើបញ្ហាប្រឈមរួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដើម្បីតម្រង់ទិសដៅការងារបន្ត។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានផ្តល់អនុសាស៍ឱ្យមន្ទីរកសិកម្មខេត្ត យកចិត្តទុកដាក់ខ្ពស់លើការជំរុញ និងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនលើការកែច្នៃកសិផលក្នុងស្រុក ព្រមទាំងពង្រឹងការសម្របសម្រួលនីតិវិធីនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសទី៣ ជាពិសេសតំបន់មេគង្គលើ ដោយទាញយកអត្ថប្រយោជន៍ពីសក្តានុពលព្រំដែនខេត្តរតនគិរី ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានណែនាំឱ្យមន្ទីរ និងមន្ត្រីកសិកម្មឃុំទាំងអស់ ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការចូលរួមអនុវត្តកម្មវិធី CIP របស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីគាំទ្រឆ្លើយតបបន្ទាន់សម្រាប់កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅ (CERC) ក្រោមក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដោយត្រូវផ្ដោតលើលក្ខខណ្ឌវិនិច្ឆ័យអ្នកទទួលផលឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
បន្ថែមលើនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់លើការងារគ្រប់គ្រងផ្ទៃក្នុង ដោយណែនាំឱ្យមានការបន្តពង្រឹងសមត្ថភាពមន្ត្រី និងរៀបចំចាត់ចែងប្រើប្រាស់កម្លាំងរួមលើកិច្ចការអាទិភាព ចាំបាច់ និងបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតមន្ត្រីនៅតាមការិយាល័យមួយចំនួន។ ជាមួយគ្នានោះ ត្រូវចាត់មន្ត្រីជំនាញចុះពិនិត្យ តាមដាន និងពង្រឹងសហគមន៍កសិកម្មលើប្រភេទដំណាំដែលមានសក្តានុពលក្នុងខេត្តឱ្យបានជាប្រចាំ ដើម្បីបង្ហាញពីលទ្ធផលជាក់ស្តែងនៃការកើនឡើងទិន្នផល និងផលចំណេញសេដ្ឋកិច្ចពិតប្រាកដជូនដល់ល់សហគមន៍ និងកសិករដាំដុះ ព្រមទាំងជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យកាន់តែទូលំទូលាយថែមទៀត៕