នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមជនបង្គោលអធិការកិច្ចអន្តរក្រសួង ក្នុងវិស័យកសិកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល បំពេញបញ្ជីសំណួរចំនួន១៩ ឆ្លើយតបនឹងការសម្ភាសន៍ ស្តីពី «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVETP) ២០១៧-២០២៥» ដោយសហការជាមួយអង្គការអាយឡូ (ILO) ៕
កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តមអគ្គាធិការ នៃអគ្គាធិការដ្ឋាន ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នាយកវិទ្យាស្ថានកសិកម្មកំពង់ចាម លោក លោកស្រីដែលជាតំណាងនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានផែនការស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយពីបានពិនិត្យជជែកពិភាក្សាយ៉ាងល្អិតល្អន់ នូវកម្រងបញ្ជីសំណួរចំនួន១៩ និងបានឆ្លើយទៅនឹងសំណួរនីមួយៗរួចរាល់មក ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចឯកភាព បង្កើតក្រុមការងារដើម្បីសម្របសម្រួលបន្ថែមលើការងារនេះ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕