នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១៥ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី។
កិច្ចប្រជុំនេះ បានពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងាររបស់លេខាធិការដ្ឋានការងារត្រី-វិស័យ លទ្ធផលចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្មចំនួន៦ នៅខេត្ដចំនួន៦ ត្រូវបានជ្រើសរើសចូលរួមគាំទ្រដោយក្រុមការងារត្រីវិស័យសម្រាប់ឆ្នាំ២០២៦ នាពេលកន្លងទៅ។ វឌ្ឍនភាពសំខាន់ៗ ត្រូវបានពិនិត្យដោយសម្រិតសម្រាំងដោយឯកឧត្ដមសហប្រធានទាំង៣ និងការចូលរួមផ្ដល់យោបល់ពីជំនាញនៃក្រសួងទាំង៣ លើការស្នើពិនិត្យឡើងវិញចំពោះសហគមន៍កសិកម្មដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ឬត្រូវបំពេញបន្ថែម និងសហគមន៍ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្ដជាមួយក្រុមការងារត្រីវិស័យ។ ការបង្កើនល្បឿនជួយដល់សហគមន៍តាមរយៈការផ្ដល់ទុន ត្រូវផ្ដោតសំខាន់លើគុណភាព និងការបន្ដអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្ដរភាពយូរអង្វែង ដែលក្រសួងទាំងបីបានសហការជាមួយអង្គការដៃគូអភិវឌ្ឍតាមរយៈគម្រោង និងការប្រើប្រាស់កញ្ចប់ថវិកាជាតិ។
ក្នុងនោះដែរ កិច្ចប្រជុំក៏បានពិនិត្យបំពេញបន្ថែមលើការពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋានត្រីវិស័យ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងបី និងការត្រៀមលក្ខណៈលើការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីដែលគ្រោងរៀបចំនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦ នៅក្រសួងអភិវឌ្ឍន៍ជនបទ៕